នាព្រឹកថ្ងៃចន្ទ ៩កើត
ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.
២៥៦៧ ត្រូវនឹង ថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ,
លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ
បានអញ្ជើញចូលរួម ពិធីបិទវគ្គឆ្នាំ២០២៣ និង បើកវគ្គឆ្នាំ២០២៤ នៃ
កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប
រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អមដោយ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ
ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដៃគូអភិវឌ្ឍ
ព្រមទាំងក្រុមឧទ្ទេសាចារ្យ និង សិក្ខាកាម
។ក្នុងនោះមានការអញ្ជើញចូលរួមពីសិក្ខាកាមជ័យលាភីឆ្នាំ២០២៣ និង
សិក្ខាកាមគោលដៅឆ្នាំ២០២៤ សរុបប្រមាណ ៥០០នាក់ មកពីក្រសួង-ស្ថាប័ន
គ្រឹះស្ថានសាធារណៈរដ្ឋបាល មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង
រដ្ឋបាលរាជធានី-ខេត្ត ទាំង ២៥ ។ ការរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង
ដោយ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់
ក្នុងការឆ្លើយតបនឹងតម្រូវការចំាបាច់របស់ក្រសួង-ស្ថាប័ន និង អង្គភាពជំនាញពាក់ព័ន្ធ
ទាំងនៅថ្នាក់ជាតិ និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ដើម្បីពង្រឹងពង្រីកសមត្ថភាពមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ទាំងលើចំណេះដឹង
ជំនាញ និង វិជ្ជាជីវៈ សំដៅចូលរួមគាំទ្រ និង
អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ឱ្យសម្រេចបានជោគជ័យ
ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព ៕